![]() |
រឿង កុលាបប៉ៃលិន វគ្គទី៣ |
តាំងពីថ្ងៃនោះមក ចៅចិត្រក៏បានធ្វើជាកម្មករជីកត្បូងនៅគេហស្ថាន របស់ហ្លួងរតនសម្បត្តិទោះបីការនោះជាការធ្ងន់ក៏ដោយ ចៅចិត្រក៏ឥតមានចិត្តធុញទ្រាន់ តែងតែខំធ្វើការនោះដោយខ្មីឃ្មាតអស់ពីចិត្តពីថ្លើម មិនមាននឹកនាដល់សេចក្ដីនឿយហត់ឡើយ
។ ភាសិតមួយ បទថា
ខ្លួនជាទីពឹងរបស់ខ្លួន ដែលជាពាក្យបណ្ដាំរបស់បិតានោះ
នៅឮសូរកងរំពងក្នុងត្រចៀករបស់ចៅចិត្រ ហាក់ដូចជាមានទេវតាមកចាំខ្សឹបប្រាប់នឹងត្រចៀកជានិច្ច ។ ការខំ
ប្រឹងធ្វើការយ៉ាងម៉ឺងម៉ាត់ឥតមានទម្រន់នឹងអធ្យាស្រ័យល្អ
របស់ចៅចិត្រនោះ ជាហេតុធ្វើឱ្យពួកអ្នកធ្វើការផងគ្នាស្រឡាញ់រាប់អានជាច្រើន រហូតដល់ហ្លួងរតនសម្បត្តិ
ក៏មានចិត្តមេត្តាក្មេងកំលោះនោះជាច្រើនដែរ ។
ចៅចិត្រចូលមកធ្វើការនៅផ្ទះលោកហ្លួងរតនសម្បត្តិ អស់វេលា២ខែកន្លងមកហើយនោះ
តែងបានជួបប្រទះនឹងធម្មជាតិថ្មីៗ ដូចជាព្រៃភ្នំក្រំថ្ម ព្រឹក្សាលតាវល្លិ និងអាកាសស្រស់បរិសុទ្ធ ដែលជារបស់ចម្លែកក្នុងជីវិតចៅចិត្រ
តែដែលចម្លែកយ៉ាងពន្លឹកជាងនេះទៅទៀតនោះ គឺនាងនារីចៅហ្វាយក្រមុំរបស់ចៅចិត្រ ដែលជាស្រ្តីប្រកាន់ខ្លួនមានឫកពាឆ្មើងឆ្មៃ ហើយជានារីមានរូបឆោមយ៉ាងល្អឯកក្នុងស្រុកបប៉ៃលិន
ហាក់ដូចជាផ្កាកុលាបកំពុងរីក ផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ក្នុងវស្សានរដូវ ។ វេលាដែលចៅចិត្រអង្គុយក្នុងផ្ទះស្ងាត់ៗតែម្នាក់ឯង ច្រើនប្រមូលយករឿងអស់នេះមកគិតនឹកជានិច្ច
ហើយនឹកឆ្ងល់តែម្នាក់ឯងថា
«ចុះហេតុដូចម្ដេចបានជាអញចេះតែរំពឹងនឹកដល់នាងក្រមុំនេះអី
ម្ល៉េះ ចុះអញជាប់ចិត្តប្រតិពទ្ធនាងក្រមុំនេះឬអ្វី ? អា ! មិនបានទេ នាងនេះរូបឆោមល្អមែនហើយ
ប៉ុន្តែឫកពាឆ្មើងឆ្មៃប្រកាន់ខ្លួនហួសពេក ថែមទាំងយសសក្តិក៏ខ្ពង់ខ្ពស់ណាស់
ហួសវិស័យនឹងឈោងតោងបេះប្រលេះយកឱ្យបាន ចុះមានប្រយោជន៍អ្វីដែលអញនៅខំគិតនឹកដល់គេ ទុកជាខំទប់ចិត្តមិនឱ្យនឹកគិតដូចម្ដេចៗ ក៏នៅតែមានចិត្តរិះរេទៅរករូបារម្មណ៍នោះទាល់តែបាន !!!»
ចំណែកខាងនារីក៏ធ្លាប់គិតថា
កម្មករថ្មីរបស់នាងនេះ ជាមនុស្សចម្លែកជាងគេ មិនចេះប្រចុបប្រចែងចៅហ្វាយនាយ និយាយដូចជាគេចោលដឹងទាំងដង
ឥតចេះក្រែងចិត្តគេសោះ ថែមទាំងចេះនិយាយសម្ដីទាន់សម័យទៀតផង បានជានាងមិននឹកជឿថា កម្មករកំលោះនោះបានរៀនសូត្រត្រឹមសាលាជាន់ទាប
គ្រាន់តែចេះសរសេរ
ចេះមើលប៉ុណ្ណោះទេ
។ ចួនកាលនាងបានឮបុរសកំលោះនោះ ស្រែកច្រៀងរាយទំនុកតាមការកម្សត់របស់ខ្លួនក៏មាន ច្រៀងទំនុកយុវាភិរម្យជាពាក្យរំឭកយុវជនក៏មាន
ទើបនាងយល់ថា កម្មករកំលោះនោះ ច្បាស់ជាចេញមកពីសាលាបឋមសិក្សាជាន់ខ្ពស់ជាប្រាកដ ។ នៅវេលាព្រលប់ថ្ងៃនោះជាខាងរនោច
ព្រះចន្រ្ទក៏រះឡើងបំព្រាងៗ មើលឃើញឆែបមួយចំហៀង ឆ្លុះពន្លឺពណ៌ប្រផេះគងលើចុងព្រឹក្សាយ៉ាងត្រចះត្រចង់ នារីចុះមកដើរលេងកម្សាន្តចិត្តជាមួយនឹងស្រីបម្រើម្នាក់ នៅទីធ្លាសួនច្បារមុខផ្ទះដែលមានស្មៅរាបស្អាតដូចកម្រាលព្រំ នាងតែងតែចោលភ្នែកក្រឡេកមើលទៅកូនផ្ទះមួយ
ដែលចៅចិត្រនៅជាញយៗ ។ ពេលនោះនាងបានឃើញផ្ទះនោះងងឹតឥតពន្លឺភ្លើង
ទើបនាងនាំក្មេងស្រីបម្រើ ហើយលបដើរឆៀងចូលទៅឈរនៅគុម្ពផ្កាដកខិមខាងមុខបង្អួច ក៏ស្រាប់តែឮសូរសំឡេងមនុស្សច្រៀង
ទំនុកយុវាភិរម្យយ៉ាងពីរោះចាប់ចិត្តថា៖
ពួកយើងជាគណយុវជន
|
ស្រុះស្រួលលើសលន់ទាំងប្រុសទាំងស្រី
|
ចូរយុវសាលាដែលទើកើតថ្ម
|
ប្រយោជន៍ដើម្បីជួយជ្រោមជ្រែងគ្នា ។
|
ឱ្យបានចងបាច់ជាក្រុមមិត្រភក្ដិ
|
ស្រឡាញ់រួមរក្សជាសាមគ្គា
|
សាមគ្គីទាំងជាតិយើងផងនានា
|
មេត្រីគ្រប់គ្នាជាសុខក្សេមក្សាន្ត ។
|
គួរជួយអ្នកខ្សត់ឱ្យបានចេញទៅ
|
ដើរមើលលំនៅសព្វទីភូមិឋាន
|
មើលស្រែចម្ការនឹងច្បារឧទ្យាន
|
កិច្ចការប៉ុន្មានតោងចងចាំទុក ។ល។………
|
នាងនារីឈរស្ដាប់ទំនុកនោះហើយ ទើបនាងដើរឡើងស្លៅទៅលើផ្ទះនោះយ៉ាងរួសរាន់ ដើម្បីចាប់អ្នកច្រៀងនោះឱ្យស្គាល់មុខច្បាស់
តើគឺនរណា ? តែនាងមិនបានឃើញមនុស្សអង្គុយច្រៀងនៅទីនោះទេ បែរជាឃើញចៅចិត្រដេកលក់សណ្ដូកជើងត្រង់ស្ដូក
ស្រមុខគឃរ នៅលើគ្រែក្បែរមាត់បង្អួច
ក្រឡេកមើលឆ្វេងមើលស្ដាំ ក៏ឥតឃើញនរណាម្នាក់សោះ ក្រៅពីរូបចៅចិត្រកំពុងដេកលក់ស្រមុខគឃរតែម្នាក់ឯង
នាងនឹកឆ្ងល់ណាស់
ព្រោះអម្បាញ់មិញនេះឮសូរស្រែកច្រៀងក្ដែងៗ ចុះអ្នកឯណាមកលបស្រែកច្រៀងនៅទីនេះអេះ ?
វេលានោះ
រស្មីព្រះចន្រ្ទកំពុងតែចាំងចូលមកតាមចន្លោះបង្អួច នឹងចន្លោះទ្វារ
ទើបនាងមើលទៅឃើញរាងកាយចៅចិត្រដេកលក់ស្ដូកស្ដឹង នៅទីនោះយ៉ាងច្បាស់លាស់
នាងក៏ស្រែកដាស់ចៅចិត្រ ពីរ បី ម៉ាត់ ចៅចិត្រក៏ប្រែខ្លួនស្ទុះក្រោកឡើងទាំងងងុយងោក កាលឃើញអ្នកដែលចូលមកដាស់ច្បាស់ហើយ ក៏ម្នីម្នានិយាយអញ្ជើញឱ្យអង្គុយដោយកិរិយាឱនលំទោន
។
- អញ្ជើញអង្គុយ ឃុននារី ។
ចៅចិត្រនិយាយព្រមទាំងលើកកៅអីមួយជូននាងអង្គុយ
ហើយនិយាយថា៖
- ការដែលឃុនអញ្ជើ្មញលេងផ្ទះខ្ញុំបាទនេះ
ខ្ញុំបាទមានសេចក្ដីត្រេកអរណាស់ទុកដូចបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់ !
នាងនារីធ្វើមុខក្រញូវបន្តិចហើយស្ដីទៅថា៖
- អ្នកណានិយាយថា ខ្ញុំមកលេងនឹងអ្នកឯង !
ចៅចិត្រនឹកសង្ស័យក៏សួរទៅវិញថា៖
- ចុះឃុនអញ្ជើញមកមានការអ្វី ?
នាងតបទៅវិញយ៉ាងកំបុតកំបុយថា៖
- ខ្ញុំមកស្ដាប់មនុស្សច្រៀងទេតើ
ចុះអម្បាញ់មិញនេះអ្នកណាច្រៀងទំនុកយុវាភិរម្យក្ដែងៗក្នុងទីនេះ ?
ចៅចិត្រធ្វើភ្នែកឡឹងឡង់
និយាយសួរទៅនាងថា៖
- ទានប្រោស យុវាភិរម្យជាអ្វី
ជាសត្វឬជាមនុស្ស ខ្ញុំបាទមិនដែលឮឈ្មោះសោះឡើយ ?
នាងនារីខឹងឡើងមុខក្រហម
ហើយប្រាប់ទៅថា៖
- នែ ! អ្នកភ្លើ យុវាភិរម្យជាទំនុកភ្លេងមួយ
ខ្ញុំចង់ដឹងតើអម្បាញ់មិញនេះនរណាច្រៀង ?
- ចិត្រ៖ អេ ទេ
នរណាច្រៀងខ្ញុំបាទឥតដឹងសោះឡើយ តែខ្ញុំបាទមិនមែនច្រៀងទេ ឯខ្ញុំបាទនេះកុំថាដល់ទៅភ្លេងយុវាភិរម្យ
ជាទំនុកទំនើបថ្មីអ្វីនោះឡើយ តែបទសកវាទ៌ចុះផែអុំទូករាល់ឆ្នាំនោះ ខ្ញុំបាទក៏ឥតចេះនឹងគេសោះឡើយ។
- នារី៖ កុំភូត
ខ្ញុំបានឮសូរសំឡេងច្រៀង អំពីខាងលើផ្ទះនេះឯង ហើយនៅលើផ្ទះនេះ
ក៏មានតែអ្នកឯងម្នាក់ឯងមែនទេ ?
- ចិត្រ៖ បាទ
មានតែខ្ញុំបាទម្នាក់ឯងមែន តែខ្ញុំបាទមិនមែនជាអ្នកច្រៀងទេ !
- អ្នកឯងច្រៀងក្ដែងៗនៅតែប្រកែកនឹងគេទៀត។
នារីផ្ទួនពាក្យ
។
ចៅចិត្រសើចហើយថា៖
- ខ្ញុំបាទជម្រាបហើយថា
ខ្ញុំបាទមិនចេះច្រៀងទេ ក៏នៅតែបង្ខំឱ្យច្រៀងទៀត ឃុននារី បើខ្ញុំបាទចេះច្រៀង
នឹងច្រៀងជូនឃុនស្ដាប់ឥឡូវនេះឯង ។
នាងនារីនឹកខឹងរលាស់មុខស្ទុះក្រោកឡើងឈរហើយថា៖
- មនុស្សបែបនេះនិយាយខ្មែរមិនចេះស្ដាប់ទេ
។
- ចិត្រ៖ បើមិនចេះស្ដាប់ភាសាខ្មែរ
ហេតុអ្វីក៏និយាយឆ្លើយឆ្លងគ្នាបាន ?
- នារី៖ ឈប់ៗចិត្រ
កុំនិយាយថ្លង់ណាស់។
នាងលើកដៃហាម
ហើយនាងប្រុងនឹងចុះពីផ្ទះនោះទៅដោយរួសរាន់ តែចៅចិត្រអង្វរឃាត់ថា៖
- ពុទ្ធោ ! ឃុននារី ឃុនប្រញាប់អញ្ជើញទៅណាភ្លាម ?
នាងឆ្លើយយ៉ាងសោះកក្រោះថា
- ទៅដេក។
- ចិត្រ៖ ឃុន កុំអាលអញ្ជើញទៅ
ឃុនមិនគួរលះបង់ធម្មជាតិល្អៗ ដ៏ត្រកាលដែលគួរពិតពិលរមិលមើលក្នុងវេលានេះទៅទេ ។
- នារី៖
ខ្ញុំក៏ចូលចិត្តធម្មជាតិល្អៗដូច្នេះដែរ តែស្អប់មនុស្សឆ្កួតព្រើលៗ ។
- នៅទីនេះឥតមានមនុស្សឆ្កួតទេ ឃុន ។
ចៅចិត្រខ្ជិលនិយាយជជែកតទៅទៀត
បែរជានិយាយបបួលដោយស្រួលថា៖
- ណ្ហើយឃុន
មិនបាច់និយាយជជែកគ្នាច្រើនទេ សូមអញ្ជើញចុះទៅសន្ទនាលេងក្នុងសួនច្បារឯណោះ
មើលធម្មជាតិល្អៗ ដ៏ត្រកាលកម្រមានណាស់ !
មិនដឹងជាអំណាចអ្វី មកគ្របសង្កត់នាំឱ្យនាងនារីធ្វើតាមចិត្តរបស់ចៅចិត្រ ស្រាប់តែចុះដើរនាំមុខទៅដោយស្រួល
ទៅអង្គុយលើជើងម៉ាវែងក្បែរដើមចំប៉ីមួយដើម ។ ឯចៅចិត្រក៏អង្គុយលើស្មៅក្បែរជើងម៉ានុះដែរ តែភ្នែករំពៃងើយមើលទៅព្រះចន្រ្ទឆែបពាក់កណ្ដាល
ដ៏ដេរដាសទៅដោយពពួកផ្កាយ មានចំនួនច្រើនលើសលន់គណនា ហើយចៅចិត្រនិយាយឡើងថា៖
- ឃុនគាប់ចិត្តពន្លឺរស្មីដួងព្រះចន្រ្ទឬទេ ?
- នារី៖ ខ្ញុំចូលចិត្តដែរ ចិត្រ ។
ចៅចិត្រនិយាយដោយសម្ដីទន់ផ្អែមថា៖
- មែនហើយ ! ឃុននារី ! ធម្មជាតិជារបស់ចម្លែកនេះ អាចប្រលោមលួងលោមអារម្មណ៍របស់មនុស្សយើងឱ្យបានសុខស្រួល
ពន្លឺរស្មីព្រះចន្រ្ទ ខ្យល់រំភើយផាត់ និងក្លិនក្រអូបឈ្ងុយឈ្ងប់របស់ផ្កានានា អាចធ្វើចិត្តគំនិតរបស់យើងឱ្យមានអារម្មណ៍រីករាយទៅបានយ៉ាងចម្លែក
។
នាងអង្គុយស្ដាប់សម្ដីចៅចិត្រនិយាយដោយអារម្មណ៍អណ្ដែតអណ្ដូង
ក៏គិតថា៖
- កម្មកកំលោះនេះ
ជាមនុស្សចម្លែកជាងកម្មករឯទៀតៗរបស់នាង សម្ដីគ្រប់ៗម៉ាត់របស់កម្មករនេះ
ពេញទៅដោយសំនួនវោហារមុខគួរឱ្យចង់ស្ដាប់ មិនសមជាមនុស្សខ្សោយចំណេះចេះដឹងទេ ។
នាងនារីស្ងាត់មាត់ទៅមួយស្របក់
ចៅចិត្រក៏ផ្ដើមនិយាយឡើងមុនថា៖
- បើឃុនតែម្នាក់ឯងអង្គុយជាមួយនឹងធម្មជាតិបែបនេះ
តើឃុនធ្លាប់នឹកប្រវត្តិដល់ញាតិមិត្រសម្លាញ់ ដែលនៅឆ្ងាយខ្លះដែរឬ ?
- នាង៖ ខ្ញុំធ្លាប់នឹកដែរ ចិត្រ ។
- ចិត្រ៖ ខ្ញុំបាទក៏ធ្លាប់នឹកដែរ
ហើយច្រើនតែជាប់នៅនឹងចិត្តជានិច្ចផង ឱ ! ឃុននារីតាំងអំពីខ្ញុំបាទមកនៅអាស្រ័យនឹងផ្ទះឃុននេះ ខ្ញុំបាទមិនដែលឃើញអ្នកម្ដាយរបស់ឃុនដល់ម្ដងសោះ
។
- ចិត្រ៖ អេះ ! ចម្លែកដែរ បើឃុនគ្មានម្ដាយ
ឃុនកើតមកដូចម្ដេចបាន ?
- នារី៖ យីអើ ! នែ គាត់ឯងកុំនាំអុចអាលបណ្ដាលឱ្យកើតទោសោណា
ពាក្យដែលថាគ្មានម្ដាយនោះ គឺថាម្ដាយនោះគាត់អនិច្ចកម្មទៅ ហើយយល់ទេ ?
- ចិត្រ៖ ឱ ដូច្នោះទេឬ ? យល់ហើយទានប្រោស
តែឃុននៅគ្រាន់បើជាងខ្ញុំបាទច្រើន !
- នារី៖ អើ ! ម្ដាយគាត់ឯង គាត់ខូចបង់ទៅហើយដែរឬ ?
ចៅចិត្រធ្វើមុខស្រពោនហើយថា៖
- ឃុននៅគ្រាន់បើជាងខ្ញុំបាទច្រើន
ព្រោះមានឪពុកបីបាច់រក្សា ចំណែកខាងខ្ញុំបាទ គ្មានទាំងឪពុកទាំងម្ដាយ។
ត្រង់នេះ
នាងនារីសង្កេតមើលទឹកមុខចៅចិត្រ ឃើញស្ងួតស្រពោនទៅច្រើន
ចៅចិត្រសន្សឹមៗងើយមុខមើលទៅមុខនាង ហើយនិយាយថា៖
- ប្រសិនបើធៀបខ្លួនឃុនជាខ្ញុំបាទវិញ
ហើយថែមទាំងជាស្រ្តីផង ឃុនតោងគិតថា ការតស៊ូនឹងជីវិតដែលក្រីក្រលំបាកតោកយ៉ាកទៅតាមទំនើងតែម្នាក់ឯងនុះ តើវាមានរសជាតិដូចម្ដេចខ្លះ ? តែខ្ញុំបាទជាប្រុសល្មមអត់ធ្មត់សេចក្ដីលំបាកបានគ្រប់ៗយ៉ាង ហើយធ្លាប់តទល់នឹងសេចក្ដីក្រីក្រតោកយ៉ាកមកច្រើនហើយ ចួនកាលខ្ញុំបាទអត់បាយពេញ១ថ្ងៃក៏មាន ។
នាងនារីអង្គុយសម្ងំស្ងៀមចាំស្ដាប់ចៅចិត្រនិយាយ តែក្នុងចិត្តនឹកអាណិតអាសូរចៅចិត្រជាពន្លឹកហើយនឹកដល់ខ្លួនឯងថា បើអញត្រូវបានទទួលគ្រោះថ្នាក់យ៉ាងនេះផង
តើនឹងមានសេចក្ដីលំបាកយ៉ាងណាទៅ !
- នារី៖ ចុះចិត្រមកនៅទីនេះ
បានស្រួលខ្លះហើយឬនៅឡើយទេ ?
នាងនិយាយតិចៗហើយមានសំឡេងទន់ជាងមុនច្រើន
។
ចៅចិត្រសម្លឹងមើលភ្នែកនាងនារី
ហើយញញឹមយ៉ាងរោះរាយឆ្លើយថា៖
- ខ្ញុំបាទបានស្រួលច្រើន ! ឃុននារី តាំងអំពីខ្ញុំបាទចូលមកអាស្រ័យនៅក្នុងផ្ទះឃុននេះ
ស្រួលចិត្តឡើងច្រើន មិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់ បើបប៉ៃលិននៅតែមានមេត្តាខ្ញុំបាទយ៉ាងនេះជានិច្ចទៅ ខ្ញុំបាទមុខជាសូមផ្ញើឆ្អឹងនៅតំបន់នេះជាប្រាកដ !
អាកាសនៅបប៉ៃលិន
តាមធម្មតាត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើន បើចួនជាត្រូវរដូវរងាដូចក្នុងវេលានោះ
ក៏កាន់តែត្រជាក់ខ្លាំងឡើងទៀតជាច្រើន លុះឮសូរទឹកសន្សើមស្រក់ចុះពីស្លឹកឈើមិនដាច់រយៈ ដួងចន្រ្ទមួយចំហៀងនោះក៏លិចបាត់បាំងដងភ្នំទៅ ខ្យល់ត្រជាក់ក៏កាន់តែបក់ផាត់ខ្លាំងឡើង ជាហេតុនាំឱ្យត្រជាក់ញាក់ដល់បេះដូងកំលោះក្រមុំទាំងពីរនាក់។ ទើបចៅចិត្រសន្សឹមក្រោកឡើងមើលទៅផ្ទៃមេឃដោយកិរិយាស្រពោនស្រពន់ ហើយនិយាយឡើងថា៖
- យប់ជ្រៅហើយ ឃុននារី
អញ្ជើញឡើងទៅផ្ទះវិញចុះ អំណាចទឹកសន្សើមនិងខ្យល់រងាបែបនេះ អាចធ្វើឱ្យឃុនផ្ដាសាយ
ឬទៅជាគ្រុនក៏សឹងបាន !
ឯនាងនារីក្រោកដើរឡើងទៅលើផ្ទះដោយស្រួល
ដូចកូនក្មេងដែលប្រដៅបានបែបបទល្អ តែនាងមកនឹកឆ្ងល់ក្នុងចិត្តថា៖
- កម្មករកំលោះនេះ មានអំណាចអ្វីហ្ន៎ ! អាចហ៊ានបង្គាប់អញឱ្យធ្វើតាមបង្គាប់ខ្លួនបានដោយងាយដូច្នេះ
។
តែនាងក៏គិតយល់ថា៖
- ប្រសិនបើអញនៅហាលសន្សើមយូរពេកអាចធ្វើឰឱ្យគ្រុនរងា
ឬផ្ដាសាយបានមែន ។
លុះដល់ព្រឹកឡើង ចៅចិត្រក៏លីចបដើរចេញទៅធ្វើការជីកត្បូងនាអណ្ដូងត្បូង ត្រង់ទិសខាងកើតដូចសព្វដង
ដែលធ្លាប់ធ្វើមករាល់ៗថ្ងៃ បានដើរកាត់មុខផ្ទះធំនោះទៅ ស្រាប់តែឃើញនាងនារី និងលោក
ហ្លួងរតនសម្បត្តិ
អង្គុយក្នុងរថយន្ត
យីហោ រ៉ឺណូត៍ ដែលជារថយន្តសម្រាប់ប្រើទៅទិញអីវ៉ាន់នៅផ្សារសង្កែ
។ ឯតាសុន ជាអ្នកបររថនោះ ខំប្រឹងរវៃទាល់តែបែកញើស ក៏នៅតែមិនឆេះសោះ ដល់យូរពេកណាស់ទើបលោក ហ្លួងស្រែកសួរទៅថា៖
- តាសុន រថយន្តមិនឆេះទេឬ ?
តាសុនគ្រវីក្បាល
យកកន្សែងជូតញើសមុខ ហើយជម្រាបទៅលោកហ្លួងថា៖
- មិនឆេះទេ ទានប្រោស ! ខ្ញុំបាទបានដោះលាងសម្អាតគ្រឿងអំពីយប់មិញនេះឯង
ស្រាប់តែព្រឹកឡើងវាកៀចដូច្នេះទៅ !
ចៅចិត្រដើរចូលមកជិត
លើកដៃសំពះលោកហ្លួង ហើយជម្រាបសួរថា៖
- ទានប្រោស
ព្រះតេជព្រះគុណអញ្ជើញទៅឯណា ?
លោក
ហ្លួងតបទៅថា៖
- ខ្ញុំទៅទទួលលោក បាឡាត់ស្រុក
ឯស្រុកសង្កែបន្តិច តែរថវាមិនព្រមឱ្យទៅសោះ ចៅចិត្រ !
នាងនារីសម្លឹងមើលចៅចិត្រមួយភ្លែត
ឃើញទឹកមុខដូចជាស្រស់បស់ជាងសព្វថ្ងៃ មានកិរិយាអង់អាចខុសពីកម្មករឯទៀតៗ ។
- នារី៖ ប៉ា ! យើងទៅមិនរួចទេឬអ្វី ?
នាងសួរដោយសេចក្ដីព្រួយ
។
- ចិត្រ៖ សុំឱ្យខ្ញុំបាទរវៃមើលបន្តិច
ក្រែងលោឆេះឡើងបាន។
ហើយចៅចិត្របើកគ្របបាំងគ្រឿងយន្តពិនិត្យមើលមួយស្របក់ក៏ញញឹម
ហើយនិយាយថា៖
- ទានប្រោស ទាស់ត្រង់ណេះ
រវៃម្ដងទៀតឆេះជាប្រាកដ ហើយប្រាប់តាសុនឱ្យរវៃម្ដងទៀត ។
តាសុនចាប់រវៃម្ដងទៀត
គ្រឿងយន្តក៏គ្រហឹមគឹកកង មួយរំពេចឡើង អ្នកទាំងអស់គ្នាក៏ញញឹម
តាសុនក៏ទៅទះស្មាចៅចិត្រហើយ លាន់មាត់ថា៖
- ពូកែគ្រាន់បើ អ្នកក្មួយអញ !
លោកហ្លួង
ក៏លាន់មាត់ដោយសេចក្ដីត្រេកអរ ហើយសួរចៅចិត្រថា៖
- ចៅចិត្រពូកែមែន រៀនចេះពីណា
ប្រសប់លាក់ចំណេះណាស់ ?
ចៅចិត្រនឹកត្រេកអរ
បង្អោនខ្លួនជម្រាបទៅលោកហ្លួងថា៖
- ទានប្រោស មិនបានរៀនឯណាទេ
គ្រាន់តែធ្លាប់បររថយន្តមកដែរ ក៏ល្មមធ្វើកើតចំពោះតែគ្រឿង
ដែលខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។
ហើយចាប់ចបលើកលីលើស្មា
។
ឯតាសុន
បានឮសម្ដីចៅចិត្រថា ធ្លាប់បររថយន្តមកដែរ ក៏នឹកដល់ប្រពន្ធដែលទើបមកដល់ផ្ទះពីព្រឹកមិញនេះ គាត់មិនទាន់បានសាកសួរអំពីសុខទុក្ខសោះ ស្រាប់តែជាប់រវល់មកបររថយន្តជូនលោកហ្លួងទៅស្រុកសង្កែ ទើបគាត់ជម្រាបសុំច្បាប់លោកហ្លួងថា៖
- ទានប្រោស ថ្ងៃនេះខ្ញុំបាទមានធុរៈ ដ្បិតប្រពន្ធខ្ញុំបាទទើបមកដល់ផ្ទះព្រឹកមិញនេះ ខ្ញុំបាទមិនទាន់បានសាកសួរសុខទុក្ខ
វាថាប្រញាប់វិលទៅស្រុកវិញ ក្នុងវេលាថ្ងៃត្រង់នេះផង ដូច្នេះសូមព្រះតេជព្រះគុណមេត្តាឱ្យចៅចិត្របររថយន្តជំនួសខ្ញុំ បាទមួយពេលសិនចុះ ។
ហ្លួងរតនៈសម្បត្តិស្ងៀមមួយស្របក់ហើយ
បែរទៅសួរចៅចិត្រថា៖
- ចិត្រ
ឯងបររថយន្តជំនួសតាសុនមួយថ្ងៃបានទេ ?
ចៅចិត្របែរទៅមើលតាសុន
ឃើញសម្ដែងអាការអង្វរ ទើបចៅចិត្រជម្រាបទៅលោកហ្លួងថា៖
- ខ្ញុំបាទបរជូនបាន ទានប្រោស។
តាសុនត្រេកអរណាស់
ស្ទុះទៅចាប់ដៃចៅចិត្រអង្រួនថា៖
- អរគុណអ្នកក្មួយណាស់
សូមអ្នកក្មួយសម្លាញ់ជួយយកតែបុណ្យទៅចុះ
ហើយគាត់ងាកមកលើកដៃសំពះលាហ្លួងរតនសម្បត្តិដើរចេញទៅ ។
ចៅចិត្រយកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយ ក៏ផ្លាស់សំពត់អាវកម្មករជាអ្នកបររថយន្ត
ឡើងកាន់ចង្កូតបរចេញពីទីនោះទៅ ទំនងជាអ្នកឆ្លាតប៉ិនប្រសប់ដោយមិនមានឧបសគ្គ រវាងពាក់កណ្ដាលផ្លូវដរាបដល់ស្រុកសង្កែ
ដែលជាទីក្រុងបាត់ដំបង ។ ឪពុកនឹងកូន ក៏ចុះពីរថយន្តដើរសំដៅទៅកាន់ផ្ទះមួយក្បែរសាលាស្រុក ប្រហែលជាកន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមក
។
ចៅចិត្រសួរដោយកិរិយាសុភាពថា៖
- ត្រឡប់ទៅឥឡូវឬនៅទេ ឃុន ?
- នៅទេ នាងតបកំបុតៗហើយថា
ចិត្រតោងទៅទិញអីវ៉ាន់ឯផ្សារជាមួយនឹងខ្ញុំឥឡូវ នុះកញ្រ្ចែង ចិត្រកាន់យកទៅផងណា។
ចៅចិត្រនឹកភាំងបន្តិច ដ្បិតតាំងអំពីកើតមកមិនដែលកាន់កញ្រ្ចែងដើរតាមក្រោយស្រីណាម្ដងសោះ តែគ្រានេះត្រូវតែធ្វើតាម
ដ្បិតគេជាចៅហ្វាយខ្លួន ឱ្យប្រាក់ខែខ្លួន ទុកជាការធ្វើដូច្នេះនាំឱ្យអាម៉ាស់មុខយ៉ាងណា ក៏ត្រូវតែប្រតិបត្តិតាមបង្គាប់ទៅសិនចុះ ទើបនាយចិត្តស៊ូកាត់កេរ្តិ៍ខ្មាសចាប់កញ្រ្ចែងដើររ៉ុយតាមក្រោយ
ចៅហ្វាយក្រមុំ មានរូបឆោមស្រស់ប្រិមប្រិយនោះទៅ
។
- នារីបង្គាប់៖ ចិត្រ
ទៅសួរទិញត្រីរ៉ស់ធំៗ ពីរយកទៅស្ងោរជ្រក់ តើគេលក់មួយថ្លៃប៉ុន្មាន ? រើសឱ្យធាត់ៗបន្តិច ។
- ចៅចិត្រនិយាយសុំខ្លួនថា៖
សូមកុំប្រើឱ្យខ្ញុំបាទទិញឡើយ ឃុន ! ហើយនិយាយតទៅទៀតថា៖ តាំងពីខ្ញុំបាទកើតមក ខ្ញុំបាទមិនដែលទិញត្រីសាច់
ឬ បន្លែបង្ការអ្វីទេ ក្រែងឃុនបន្ទោស
ថាទិញថ្លៃពេក ដ្បិតខ្ញុំបាទមិនចេះតថ្លៃទិញត្រីទេ
ទានប្រោស ។
- នារី៖ មិនអីទេ
ទៅសួរទិញចុះចាំខ្ញុំតថ្លៃឱ្យ ។
- ចិត្រ៖
សុំឱ្យឃុនតថ្លៃទិញខ្លួនឯងចុះ ។
- នារី៖ នេះពិតជាគាត់ឯង
មិនព្រមធ្វើតាមបង្គាប់យើងទេឬ ?
- ចិត្រ៖ ឱ ! ឃុនបង្គាប់ខ្ញុំបាទបានជានិច្ច
ប៉ុន្តែមិនមែនបង្គាប់ឱ្យកាន់កញ្រ្ចែងដើរទិញត្រីទេ។
- នារី៖ ម៉េច ? គ្រាន់តែឱ្យទិញត្រីរ៉ស់ពីរបីប៉ុណ្ណឹង
តើវាខូចកិត្តិយសប៉ុណ្ណាទៅ ?
- ចិត្រ៖ មិនមែនខូចកិត្តិយសអ្វីទេ
ប៉ុន្តែមុខក្រសួងទិញត្រីខ្ញុំបាទមិនធ្លាប់ធ្វើ ។
នាងនារីក្ដៅក្រហាយឡើងមុខក្រហម តែមិនមានអំណាចបង្គាប់ឱ្យគេធ្វើតាមបាន
ក៏ដើររ៉ុយទៅទិញដោយខ្លួនឯង ឯចៅចិត្រក៏កាន់កញ្រ្ចែងដើរតាមក្រោយ កាលទិញបានត្រីរ៉ស់ពីរ ដើរវិលទៅទិញរានឯទៀតៗ
នាងនៅខឹងក្នាញ់នឹងការចចេសរឹងរូសរបស់ចៅចិត្រណាស់ ក៏ក្លែងដើរទិញពីរានមួយទៅរានមួយទៀត
ដើរវីវក់ចុះឡើងជាច្រើនបក ច្រើនសា ទិញអីវ៉ាន់ច្រើនស្អេកស្កះទាល់តែចៅចិត្រយកទៅស្ទើរតែមិនរួច នាងនឹកក្នាញ់ក៏ក្នាញ់ណាស់
តែនឹកចង់សើចក៏ចង់សើចណាស់ ដោយបានឃើញចៅចិត្រកាន់ពេញដៃទាំងពីរ យួរផង ត្បៀតក្លៀកផង រណែងរណោង ហើយនាងធ្វើជាដើរវិលជាច្រើនបកច្រើនត្រឡប់
ទើបបត់ចូលទៅឯរថយន្ត ។ ឯចៅចិត្រក៏ចេះតែដើរប្រកិតតាមក្រោយដរាបដល់រថយន្ត ហើយទម្លាក់អីវ៉ាន់គ្រាំងទៅក្នុងរថយន្ត
។ នាងនារីឃើញកិរិយាចៅចិត្រធ្វើដូច្នោះ
ក៏ច្រឡោតឡើងថា៖
- យី ! គាត់នេះ ក្លែងទម្លាក់អីវ៉ាន់លើក្បាលអញឬ ?
- ចៅចិត្រឆ្លើយឡើងថា៖
សូមអត់ទោសទានប្រោស ធ្ងន់ពេក តែខ្ញុំបាទទម្លាក់លើក្ដាររថយន្តទេតើ។
- នារី៖ ប្រយត្នគាត់ឯង កុំប្រើកិរិយាថោកទាបពេក
។
នាយចិត្រឮហើយគ្រាន់តែញញឹមហ៊ិះៗ ហាក់ដូចជាមិនយកចិត្តទុកដាក់នឹងការខឹងសម្បារបស់ចៅហ្វាយក្រមុំនោះសោះ
។ អ្នកទាំងពីរក៏អង្គុយនៅស្ងៀមៗទាំងអស់គ្នា
ឥតនិយាយគ្នាមួយម៉ាត់សោះ មួយស្របក់ទើបឃើញហ្លួងរតនសម្បត្តិ មកដល់ទីចតរថយន្ត
ជាមួយនឹងបុរសកំលោះម្នាក់ មុខវែងពាក់មួកស ពាក់អាវបើកក ចងក្រវាត់ ស្លៀកខោខ្លី ពាក់ស្បែកជើងពណ៌ក្រហមស្រោមជើងស
។ នាយចិត្រគ្រាន់តែក្រឡេកមើលទៅឃើញបុរសនោះ ក៏មានសេចក្ដីទាស់ចិត្ត
ឥតត្រេកអរបន្តិចបន្តួចឡើយ ។
ហ្លួងរតនសម្បត្តិនិយាយថា៖
- យើងតោងប្រញាប់ទៅឥឡូវទើបបាន
បង្អង់យូរពេកមិនបានទេ ដ្បិតយើងឥតដាក់កាំភ្លើងមកផងសោះ
ក្រែងចោរប្លន់កណ្ដាលផ្លូវ ។
នាងនារីបែរទៅញញឹមយ៉ាងផ្អែម
ខណៈដែលបុរសកំលោះនោះឡើងមកលើរថហើយសួរថា៖
- លោកបាឡាត់ដាក់កាំភ្លើងមកដែរឬទេ !
ចៅចិត្រត្អូញរង៉ូវៗនៅតែក្នុងបំពង់ក »បុរសកំលោះនេះឬជាបាឡាត់ស្រុកៗសង្កែ
រូបរាងបែបនេះមិនគួរសេពគប់សោះឡើយ កន្លែងអង្គុយវាលល្វឹងមិនអង្គុយ
នៅតែទៅប្រជ្រៀតអង្គុយក្បែរឃុននារីក្រអឺត !»
ចំណែកខាងលោកបាឡាត់ទះគូទហើយប្រាប់ថា៖
- ឃុនកុំព្រួយមានកាំភ្លើងខ្លីជាប់មកមួយដែរ
។
ហ្លួងរតនសម្បត្តិក៏សើចហើយថា៖
- រថយន្តទៅវេលានេះ
ប្រហែលជាម៉ោង៤រសៀល ទើបដល់ទៅផ្ទះយើង។
ចៅចិត្រក៏ចុះទៅរវៃតាមបង្គាប់ ហើយឡើងបររថយន្តចេញទៅ
សំដៅទៅតាមផ្លូវបប៉ៃលិន សឹងដេរដាសទៅដោយស្រែចម្ការច្បារដំណាំ លុះផុតពីភូមិភ្នំសំពៅ
ភូមិស្នឹងកាលណា មានតែព្រៃព្រឹក្សាលតាវល្លិនិងភ្នំក្រំថ្មដេរដាស ផ្លូវក៏កាន់តែលំបាកឡើងផ្ទៃផែនដីខ្ពស់ៗទាបៗ
បត់បែនជាច្រើនជាន់ កាលចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញបាឡាត់ស្រុកនោះ និយាយក្អាកក្អាយសប្បាយរីករាយជាមួយនឹងនាងនារី
ចៅចិត្រក៏កើតមោហាខ្លាំងឡើង ថែមលើសេចក្ដីម៉ួម៉ៅកាលដែលទៅផ្សារទិញត្រីនោះមួយជាន់ទៀត ទើបក្លែងកាច់ចង្កូតឱ្យបត់ក្បាលធ្លាក់ទៅជង្ហុករាក់ៗ
មួយអន្លើនៅក្បែរផ្លូវ ម៉ាស៊ីនរោទ៍រំពងព្រៃ ហើយទច់ង៉ក់ស្ងៀមនៅនឹងកន្លែងនោះឯង ។
ចៅចិត្រក្រឡេកមើលមកក្រោយ ស្រាប់តែឃើញភ្នែកគ្រប់ៗគូ
សម្លឹងមើលមកចំខ្លួន ។ បាឡាត់ស្រុកភ្លាត់ធ្លាក់ពីទីអង្គុយ
ហ្លួងរតនសម្បត្តិកំពុងយកដៃស្ទាបក្បាល ដែលប៉ះទង្គិចនឹងដំបូលរថ នាងនារីផ្អៀងទ្រេតវិះតែធ្លាក់ តែចួនជាចាប់បង្អែកទាន់បាន
។ លោក បាឡាត់បន្ទោស៖
- សូហ្វ័រចង្រៃបររថអីយ៉ាងអីចេះ។
នាងនារីងាកតម្រង់ខ្លួនហើយបន្ទោសថា៖
- ចិត្រ គាត់ឯងមិនចេះបរឡានទេឬអី ?
ចៅចិត្រឆ្លើយភ្លាមថា៖
- បើមិនចេះបរ គង់មិនបានមកដល់ទីនេះទេ
។
- ចិត្រ
កុំក្លាហានពេកប្រយត្នពាក្យសំម្ដីបន្តិច ។
ហ្លួងរតនសម្បត្តិនិយាយដាស់តឿនចៅចិត្រ ។
ចៅចិត្របែរទៅលោកហ្លួងហើយជម្រាបថា៖
- សូមអត់ទោស ទានប្រោស
ប្រសិនបើខ្ញុំបាទមិនកាច់ចង្កូតឱ្យងាកទៅជង្ហុកទេ កង់មុខខាងស្ដាំមុខជាប៉ះនឹងដង្កត់នោះជាប្រាកដ ហើយធ្វើឱ្យខូចពេលយូរជាងឆ្លាក់ជង្ហុកនេះទៅទៀត
។
លោកហ្លួងញាក់មុខទទួលទំនងជាយល់ដូច្នេះដែរ
ហើយចៅចិត្របែរមកមើលខាងក្រោយ ក៏ប្រទះនឹងភ្នែកដែលសម្លឹងសម្លក់ដាក់ជាច្រើនដងច្រើនគ្រា
ច្រើនត្រឡប់ ។
រថក៏បរតទៅទៀតដូចធម្មតា
តែនាងនារីសង្កេតយល់ដឹងដល់ចិត្តគំនិតរបស់ចៅចិត្រ តែកាលណានាងធ្វើស្និទ្ធស្នាលនឹងបាឡាត់ស្រុកនោះ
រថក៏គ្រលែងឃ្លេងឃ្លោង រកកល់ធ្លាក់ជង្ហុកឬដើរខុសផ្លូវទៅ
ស្ទើរតែមិនហ៊ាននិយាយអ្វីនឹងលោកបាឡាត់ទៀត ។ តាំងពីនោះមកនាងក៏ដឹងខ្លួនថា
ចៅចិត្រមានបំណងអ្វីក្នុងខ្លួននាង ?
លុះរថយន្តបរផុតភូមិព្រៃផ្ដៅទៅឆ្ងាយបន្តិច ក៏ទច់ង៉ក់រលត់ម៉ាស៊ីន ទើបចៅចិត្រលោតចុះទៅបើកគ្រឿងម៉ាស៊ីនមើល
ស្រាប់តែធ្វើមាត់វៀចក្រងែវ ។ អ្នកជិះទាំងអស់គ្រប់ៗគ្នា មានសេចក្ដីព្រួយជាច្រើន ទើបហ្លួងរតនសម្បត្តិដែលមានសេចក្ដីព្រួយច្រើនជាងគេ
ក៏ចុះពីរថទៅសួរចៅចិត្រថា៖
- ម៉េចទៅ ទៅទៀតបានឬទេ ? ល្មមកែកុនបានឬទេ ?
ចៅចិត្រគ្រវីក្បាលដោយអស់សង្ឃឹម
ហើយជម្រាបទៅលោកហ្លួងថា៖
- ទានប្រោស បរទៅទៀតមិនបានទេ
វាខូចត្រង់កន្លែងសំខាន់ដែលខ្ញុំបាទធ្វើមិនកើត
តោងទៅជួលចិនក្រឡឹងដាក់ជាថ្មីទើបបាន !
- នារី៖ ម្ដងនេះស្រេច ។
ហើយនាងផ្ដេកខ្លួនលើរថយន្តដោយអាការអស់កម្លាំងជាច្រើន ។
លោក បាឡាត់ចុះពីរថដើរមកឈរ ចំពីមុខចៅចិត្រហើយថា៖
- គាត់ឯងបររថយ៉ាងម៉េចហ្នឹង
ទាល់តែរថខូចអស់ !
ចៅចិត្រឆ្លើយខ្លីៗថា៖
- ខ្ញុំបាទបរដូចយ៉ាងមនុស្សធម្មតា
លោកក៏បានឃើញនឹងភ្នែកស្រាប់ហើយ ។
លោក បាឡាត់ ខាំមាត់ហើយថា៖
- បើគាត់ឯងមិនបរឱ្យធ្លាក់ជង្ហុកអម្បាញ់មិញ
ក៏គង់មិនខូចដល់ម្លឹងដែរ !
- ចិត្រ៖ ចុះលោកគិតថា
ខ្ញុំបាទក្លែងបរឱ្យធ្លាក់ជង្ហុកឬអី ?
- បាឡាត់៖ ផ្លូវមានគគាច
ម៉េចក៏គាត់ឯងមិនបរឱ្យត្រង់ទៅតាមផ្លូវ មានតែគាត់ឯងក្លែងធ្វើឱ្យធ្លាក់ជង្ហុក ?
- ចិត្រ៖ លោកថាដូចម្ដេចក៏បាន
តែខ្ញុំបាទមិនបានក្លែងធ្វើឱ្យវាធ្លាក់ជង្ហុកទេ ។
- បាឡាត់៖
តោងប្រយត្នសម្ដីបន្តិចគាត់ឯង ។
- ចិត្រ៖
ខ្ញុំបាទបាននិយាយដោយសម្ដីគួរសមណាស់ហើយទានប្រោស ។
- បាឡាត់៖ ម៉េចក៏គាត់ឯងព្រហើនម្ល៉េះ
ក្រែងគាត់ឯងគ្រាន់តែជាអ្នកស៊ីឈ្នួលគេទេឬ ?
ចៅចិត្រសើចចំអកបន្តិចហើយថា៖
- ខ្ញុំបាទជាអ្នកស៊ីឈ្នួលគេមែន
តែមិនមែនស៊ីឈ្នួលលោក បាឡាត់ទេ ។
ហ្លួងរតនសម្បត្តិនឹករំខាន នឹងសម្ដីនិយាយជជែកគ្នានោះ
ក៏ហាមប្រាមទៅថា៖
- ឈប់និយាយប៉ុណ្ណឹងហើយ លោក បាឡាត់
ការនិយាយជជែកគ្នានៅគ្រានេះ វាមិនមានប្រយោជន៍អ្វីឡើយ បុរាណលោកថា សាបមួយដៃ ប្រៃមួយចឹប មែនទេ ?
- នារី៖ ចុះយើងគិតធ្វើដូចម្ដេច ទើបទៅដល់ផ្ទះ ?
នាងសួរដោយសេចក្ដីព្រួយបារម្ភជាច្រើន ។
- ហ្លួង៖ ហ្នឹងហើយ
ប៉ាក៏មិនដឹងជាគិតធ្វើដូចម្ដេចដែរ សួរចៅចិត្រមើល តើគេគិតធ្វើដូចម្ដេច ?
នាងងាកមកចៅចិត្រសួរថា៖
- ចិត្រ
យើងត្រូវធ្វើដូចម្ដេចទើបទៅដល់ផ្ទះ ?
- ចិត្រ៖ ទានប្រោស តោងតែដើរទៅទើបបាន
។
តបកំបុតៗធ្វើឲ្យនាងនារីឡើងមុខក្រហម ។
ចៅចិត្រដើរចូលទៅរកហ្លួងរតនសម្បត្តិ ហើយនិយាយជម្រាបថា៖
- យើងតោងរង់ចាំនៅទីនេះ
ទម្រាំមានរថយន្តណាមួយមកដល់ទីនេះ ប្រសិនបើគ្មានទេ ក៏តោងតែស្នាក់នៅទីនេះមួយយប់ បើនឹងដើរជើងទៅក្រែងតែពាក់កណ្ដាលអធ្រាត្រទើបដល់ផ្ទះ
។
លោក ហ្លួងដកដង្ហើមធំ នាងនារីសួរទៅលោកឪពុកដោយសេចក្ដីវិតក្កថា៖
- យើងតោងតែដេកស្នាក់ក្នុងព្រៃនេះមួយយប់ទៅឬប៉ា ?
លោក ហ្លួងញាក់មុខហើយថា៖
- កូនឃើញទេ វេលានេះម៉ោង៤ រសៀលហើយ
ឬមួយកូនចង់ដើរលមើលក៏តាមចិត្ត ?
នាងនារីគ្រវីក្បាលហើយថា៖
- ទេ ប៉ា ទម្រាំដើរទៅដល់
កូនមុខជាស្លាប់ពាក់កណ្ដាលផ្លូវមិនខានឡើយ ។
ចៅចិត្រសើចឡើងទាល់តែនាងនារីបែរទៅសម្លឹងចំមុខ ហើយសួរថា៖
- គាត់ឯងសើចអី !
ចៅចិត្រញញឹមញញែមតាមធម្មតាហើយថា៖
- ខ្ញុំបាទសើចនឹងកំប្រុកមួយនោះទេតើ
វាហក់លោតពីដើមស្រម៉ទៅដើមកន្ទួតព្រៃ វាភ្លាត់ចំណាប់ ធ្លាក់មកដល់ដីជិតប្រកាច់
បានជាខ្ញុំបាទសើចនឹងវា !
- នារី ៖ គេភ័យ គេព្រួយរាល់គ្នាឯងគិតតែពីសើចសប្បាយ
។
- ចិត្រ ៖ បានជាខ្ញុំបាទសើច
ពីព្រោះសត្វនោះមានជើងដល់ទៅបួន
នៅតែមានភ្លាត់ចំណាប់ធ្លាក់ដល់ដីទាល់តែបានដូច្នេះទេតើ !
នាងមិនឆ្លើយតបទៅ
គ្រាន់តែសម្លឹងសម្លក់ចុងភ្នែកកន្ទុយភ្នែកប៉ុណ្ណោះ ដោយសារសេចក្ដីមួម៉ៅក្ដៅក្រហាយ
ប៉ុន្តែនាងធ្លាប់សម្ដែងកិរិយាដូច្នេះជានិច្ច ។ ចៅចិត្រថ្នឹកនឹងនិស្ស័យបែបនេះមកច្រើនគ្រាហើយ ទើបមិនមានចិត្តព្រួយបារម្ភអ្វី
ថែមទាំងយល់ថា ស្រ្តីបើមិនសម្ដែងកិរិយាងក្ងិកក្ងក់ខ្លះទេ
ក៏មិនល្អមើលដែរ គ្រាន់តែកុំឱ្យជ្រុលហួសពេកប៉ុណ្ណោះ
។
ឯនាងនារីនឹកប្រារព្ធនឹងខ្លួនឯងថា កូនឈ្នួលកំលោះនេះចម្លែកជាងកូនឈ្នួលដទៃៗទៀត
ជាអ្នកមានអំនួតបន្តិច ថែមទាំងប្រើសម្ដីមិនចេះក្រែងចិត្តអ្នកណាទេ
តែចេះនិយាយសមហេតុសមផល ទើបនាងចូលចិត្តនិយាយ ឬជជែកពីរឿងអ្វីៗលេង នាងធ្លាប់គិតថា នាងគិតដូច្នេះនឹងមានប្រយោជន៍អ្វី
ហើយគេជាអ្វីនឹងនាង គេគ្រាន់តែជាកូនឈ្នួលនាងម្នាក់ប៉ុណ្ណោះទេតើ!
លោក បាឡាត់ដើរឆៀងមកក្បែរនាងនារី ហើយសួរថា៖
- ចុះហេតុអី
ក៏ឃុនចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងអាក្មេងកំលោះនោះម្ល៉េះ ?
- នារី៖ នរណា ប្រាប់លោកថា
ខ្ញុំចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងវា !
- បាឡាត់៖ ខ្ញុំបានឃើញនឹងភ្នែក
បានឃើញវានិយាយជជែកនឹងឃុន ទាល់តែឃុនទាល់ច្រករបស់វា ម្ល៉ឹងៗនៅតែឃុនទៅនិយាយជជែកនឹងវាទៀត វាជាក្មេងព្រហើនមិនចេះគួរសមទេ
ឃុនពិនិត្យមើលវាឱ្យមែនទែនចុះ។
នាងនារីញាក់មុខទំនងជាយល់ដូច្នោះដែរ ហើយឆ្លើយថា៖
- ចា៎ះ
កម្មករនេះឫកពាព្រហើនបន្តិចមែន តែឧស្សាហ៍ធ្វើការណាស់ ។
- លោក បាឡាត់៖ ប្រហែលជាវាទើបមកនៅទេ
បានជាពីដើមមកមិនដែលឃើញសោះ ។
- នារី៖ ចា៎ះ វាទើបនឹងមកនៅមែន
ប្រហែលជាងពីរខែប៉ុណ្ណឹង ឪពុករបស់ខ្ញុំគាត់មានចិត្តអាណិតមេត្តាដោយឃើញថា
ជាមនុស្សកំព្រាឪពុកម្ដាយ ហើយបានប្រគល់ឱ្យជីកអណ្ដូងត្បូងនៅទិសខាងកើត ដែលទើបនឹងបើកថ្មី ។
និយាយគ្នាបានត្រឹមប៉ុណ្ណេះ ក៏ស្រាប់តែឮសំឡេងហ្លួងរតនសម្បត្តិ
ស្រែកហៅនាងនារី ហើយប្រាប់ថា៖
- នារីកូន ចាត់ចែងដាំបាយទឹកទៅ
ឪពុកនឹកឃ្លានបាយណាស់ហើយ ឱ្យចៅចិត្រជួយរកឧសភ្លើងផង ។
ចៅចិត្រចូលមកជិតហើយសួរថា៖
- ឃុននឹងឱ្យខ្ញុំបាទជួយធ្វើការអ្វីខ្លះ
ចូរប្រាប់មកចុះ ?
- នារី៖ ទៅរកដុំថ្មបីដុំមក
ហើយរកឧសបង្កាត់ភ្លើងឡើងផង ។
នាងបង្គាប់ទៅលោក បាឡាត់ថា៖
- លោក បាឡាត់អាណិតយកសាច់ដាក់កំប៉ុងមកឲ្យខ្ញុំពីរកំប៉ុង
និងសណ្ដែកហឡាន់តៅផង ។
កំលោះទាំងពីរនាក់
ក៏ខំធ្វើការផ្គាប់ផ្គុននាងក្រមុំយ៉ាងម៉ឺងម៉ាត់ ឯចៅចិត្របានដុំថ្មតូចៗបីដុំ
ហើយដាក់តម្រៀបជាមុំជើងក្រាន ហើយទៅរកកាច់ឧសមកបង្កាត់ភ្លើងឆេះថ្គោលឡើង ។
- ឃុននឹងឱ្យខ្ញុំបាទធ្វើអីទៀត ។
ចៅចិត្រសួរនាងខណៈដែលបង្កាត់ភ្លើងរួចហើយ ។
- នារី៖ ចៀនត្រីឆាសាច់គោ
នឹងសណ្ដែកទ្រើង អើ !
យើងគ្មានខ្ទះទេ
ចៅចិត្រតោងទៅរកខ្ទះមក ។
- ចិត្រ៖ អេ ទានប្រោស
ទីនេះមិនមែនផ្សារសង្កែទេ ចុះឱ្យខ្ញុំទៅរកខ្ទះឯណាមកជូនឃុនបាន ?
នាងដកដង្ហើមធំហើយប្រាប់ថា៖
- អើ នេះប្រុសត្រលាំង ម្ដេចក៏មិនយល់ការអ្វីសោះ
ខ្ញុំគ្រាន់តែឱ្យទៅរកភាជន៍អ្វីមួយសំប៉ែតៗ ក៏បានហើយ សម្រាប់យកមកចៀនឆាប៉ុណ្ណោះ
។
ចៅចិត្រញញឹមហើយថា៖
- ប៉ុណ្ណឹងទេឬ ?
ហើយស្ទុះក្រោកទៅឯរថយន្ត
លើកពូកកម្រាលអង្គុយឡើងមើលឃើញចានស្ពាន់សសំប៉ែតៗ កាន់លើកបង្ហាញទៅនាងនារីថា៖
- បែបនេះបានឬទេ ?
តាំងអំពីចៅចិត្រចូលមកនៅជ្រកកោននឹងនាងនារី នាងមិនដែលញញឹមម្ដងសោះ
ទើបតែមកពេលនេះ នាងក៏ញញឹមជំនួសពាក្យតបជាគ្រាដំបូង ។
លុះលាងចានស្ពាន់រួចហើយ
ចៅចិត្រក៏ដាក់លើជើងក្រានបណ្ដោះអាសន្ននោះឯង ។
នារីក៏យកខ្លាញ់ជ្រូកដាក់ចៀនក្នុងចាននោះ
ចៅចិត្រក៏យកស្លឹកត្នោតបក់ភ្លើងឱ្យឆេះឡើង ទាល់តែផេះហុយទ្រុបឡើង
ទាល់តែនាងប្រាប់ឱ្យឈប់បក់ ។
- ចិត្រ៖ ហ្នឹងឃុនគិតពីសាតែសាច់ទទេ
មិនដាំបាយទេឬ ?
ចៅចិត្រសួរនាងដោយហេតុមិនឃើញនាងដាំបាយសោះ ។
- នារី៖ អើមែនហើយ ចិត្រ
ខ្ញុំភ្លេចឈឹង ចុះយើងរកឆ្នាំងឯណាដាំបាយហ៎ៈ ?
នាងនិយាយហើយសម្លឹងមុខចៅចិត្រ ទំនងសូមឱ្យជួយគិតគូរផង ។
ចៅចិត្រដឹងទំនង ក៏រត់ទៅឯរថយន្តម្ដងទៀត រកបានកំប៉ុងបឿរមួយធំ
បើកដួសយកសាច់បឿរចេញខ្ចប់អស់ ហើយក៏វិលមករកនារីសួរថា៖
- បែបនេះប្រើបានទេ ឃុន ?
នាងនារីញញឹមទទួលម្ដងទៀត
ម្ដងនេះញញឹមចេញមកដោយចិត្តសុចរិតឥតក្លែងបន្តិចឡើយ គ្រានេះដែលចៅចិត្រឃើញថា
នារីចៅហ្វាយក្រមុំរបស់គេនេះ មានកិរិយាទន់ភ្លន់ផ្អែមល្ហែមចម្លែកណាស់ !
- នារី ៖ ប្រហែលជាប្រើការបាន ចិត្រ។
នាងតបទៅដោយសម្ដីធម្មតា ។
- នារី៖ អើ ! ចុះយើងបានទឹកពីណាមកដាំបាយហ៎ៈ ?
- ចិត្រ ៖ មិនអីទេ
ទុកភ្នាក់ងារខ្ញុំបាទរកជូនឃុនទាល់តែបាន ។
ថាហើយក៏ទៅបើកបំពង់ទឹកក្នុងរថយន្ត ទឹកក៏ហូរចេញមកទាល់តែពេញកំប៉ុង
ហើយយកមកឱ្យនាងនារី ។
លោក ហ្លួង លាន់សម្ដីពីក្នុងរថយន្តមកថា៖
- ឆ្លាតគ្រាន់បើ បើមិនបានចៅចិត្រ
ប្រហែលជាអត់បាយក្នុងពេលនេះទាំងអស់គ្នាមិនខាន ។
ឯលោក បាឡាត់ទទួលយកអាសាជាអ្នកដាំបាយ ដោយដឹងខ្លួនថា ខ្លួនដូចជាចាញ់ប្រៀបចៅចិត្រច្រើនណាស់
ការដែលនៅស្ងៀមមិនជួយខ្វល់ខ្វាយនឹងគេ ស្រាប់តែបាយឆ្អិនបរិភោគនោះដូចជាមិនទំនងសោះ !
ឯចៅចិត្រតអំពីនោះ មិនបានជួយធ្វើអ្វីទៀតទាល់តែដល់បាយឆ្អិន ទើបដួសបាយដាក់ចាន
ដាក់ត្រីចៀន ឆាសាច់គោ យកទៅជូនលោក ហ្លួង ឯខ្លួនឯងនិងនាងនារីបរិភោគនឹងស្លឹកឈើ
ឯលោក បាឡាត់ស្រុកបរិភោគនឹងក្រដាសកាសែត ដែលខ្ចប់អីវ៉ាន់មកពីផ្សារសង្កែ ៕