![]() |
រឿង កុលាបប៉ៃលិន វគ្គទី១ |
គ្រានោះ ព្រះសុរិយទេវបុត្រ ទ្រង់គង់លើវិមានកែវផលិក (ផ្លេក) ដែលជារថព្រះទីនាំងទឹមដោយសេះអាជានេយ្យ១ពាន់ ទ្រង់បរប្រទក្សិណភ្នំព្រះសិនេរុរាជ
តាំងអំពីទិសបូព៌ាយាត្រាសំដៅទៅទិសបស្ចឹម តាមចក្ររាសីនៃសុរិយចក្រវាល លុះដល់កំណត់បត់ព្រះរាជរថចូលបាំងជ្រុងមហាបព្វតា រស្មីព្រះសុរិយាក៏ជ្រៀងជ្រេចូលកាន់សន្ធ្យារាត្រី
នាវេលានោះជាខាងខ្នើត ១៥ កើត ខែ កត្ដិក ឆ្នាំ ច ចត្វាស័ក ព.ស. ២៤៧០ ព្រះចន្រ្ទទេវបុត្រយាង
ឡើងគង់លើវិមានប្រាក់ ជារាជរថព្រះទីនាំង បរចេញមកពីទិសបូព៌ា ឆ្លុះពន្លឺព័ណ៌ប្រាក់ទៅសព្វផែនពសុធា ព្រះចន្រ្ទាហាក់ដូចជាមៀងមើលមកយ៉ាងស្រស់ញញឹម ឆ្ពោះចំទៅលើដំបូលគេហដ្ឋានមួយនៅខាងលិចផ្សារស្វាយប៉ោ ដែលជាផ្សារវិលក្នុងទីរួមខេត្តបាត់ដំបង ។
ឡើងគង់លើវិមានប្រាក់ ជារាជរថព្រះទីនាំង បរចេញមកពីទិសបូព៌ា ឆ្លុះពន្លឺព័ណ៌ប្រាក់ទៅសព្វផែនពសុធា ព្រះចន្រ្ទាហាក់ដូចជាមៀងមើលមកយ៉ាងស្រស់ញញឹម ឆ្ពោះចំទៅលើដំបូលគេហដ្ឋានមួយនៅខាងលិចផ្សារស្វាយប៉ោ ដែលជាផ្សារវិលក្នុងទីរួមខេត្តបាត់ដំបង ។
ក្នុងវេលារាត្រីនោះ ពន្លឺរស្មីនៃដួងចន្រ្ទកំពុងចាំងឆ្លុះចូលមកតាមចន្លោះបង្អួច ហើយមានខ្យល់ត្រជាក់បក់ផាត់ជាយចូលមកយ៉ាងរំភើយ
។ ល្ហើយត្រសៀកល្មមត្រជាក់ស្រួល នៅខាងក្នុងគេហស្ថាននោះ មានកូនចង្គៀងប្រេងកាត១ ចងះព្យួរនឹងជញ្ជាំងក្ដារល្មមតែឆ្លុះពន្លឺឱ្យមើលមកឃើញបុរសជរាម្នាក់ មានរាងកាយស្គាំងស្គមឥតសាច់ឈាម
មានតែស្បែកដណ្ដប់ឆ្អឹង ដេកស្ដូកស្ដឹងនាកណ្ដាលល្វែងបន្ទប់ នៅក្បែរខាងបុរសជរានេះ មានក្មេងកំលោះម្នាក់
មុខមាត់ស្រស់បស់ អង្គុយចាំបម្រើថែរក្សាជំងឺរបស់បុរសជរា ដោយកិរិយាឫកពាស្រពោនស្រពាប់
ស្រងូតស្រងាត់ ឥតមានរីករាយបន្តិចឡើយ ដ្បិតខំអត់ងងុយទ្រាំជំងឺរបស់បុរសជរា
ដែលត្រូវជាឪពុកបង្កើតរបស់ខ្លួន អស់វេលា៣យប់មកហើយ ។
ឯបុរសដែលមានជំងឺជាទម្ងន់
កំពុងដេកស្ដូកស្ដឹងនៅលើដំណេកនេះឈ្មោះ ចឺម ត្រកូល សិរីពង្ស កំពុងតែធ្លាក់ខ្លួនទៅជាចំណីអាហារនៃរោគជរា
យូរៗគាត់ដកដង្ហើមធំវែងៗ ហើយគាត់ខំបើកភ្នែកក្រឡេកមើលទៅពាសពេញទាំងល្វែងបន្ទប់ដេក ភ្នែកទាំងគូររបស់គាត់សម្លឹងទៅចំមុខក្មេងកំលោះម្នាក់ ដែលអង្គុយនៅក្បែរខាងខ្លួនគាត់
។ ឯក្មេងកំលោះនេះឈ្មោះ ចៅចិត្រ ជាកូនបណ្ដូលចិត្តរបស់គាត់ ហើយជាអ្នកទទួលវង្សត្រកូល សិរីពង្ស តទៅអនាគតផង
ទើបគាត់ខំញញឹមទាំងក្រៀមក្រំ ប្រឹងនិយាយដោយសូរសំឡេងញ័រៗថា៖
- ចិត្រ កូនមាសថ្លៃឪពុក ! យប់យន់ណាស់ហើយ មិនទាន់ទៅដេកទេឬ ? ទៅ កូនទៅដេកទៅ ។
តាចឺមតឿនបង្ខំឱ្យកូនទៅដេកក្រែងអត់ងងុយទៅជាឈឺចាប់
។ ចៅចិត្រគ្រវីក្បាលដោយអាការបដិសេធ ព្រមទាំងមានទឹកមុខប្រកបដោយចិត្តអាណិតអាសូរបិតា
ទើបនិយាយជម្រាបទៅវិញថា៖
- ខ្ញុំបាទមិនទាន់ងងុយទេ លោកឪពុក ! ប្រហែលជាលោកឪពុកមិនទាន់ពីសាថ្នាំយោងកម្លាំងទេដឹង ? លោកគ្រូពេទ្យបានផ្ដាំខ្ញុំបាទថា
សូមឱ្យលោកឪពុកពីសាកុំខាន ។
- ថ្នាំឬ កូន !
តាចឺមនិយាយឮតែក្នុងបំពង់ក
ទំនងចំអកឱ្យថ្នាំនោះ ព្រោះជាថ្នាំគាត់ដឹងថា ឥតមានគុណវិសេសអ្វីបន្តិចឡើយ
ហើយគាត់និយាយថា៖
- ឱ ! កូនអើយ ថ្នាំនេះឪពុកបានផឹកមកច្រើនលើកហើយ មិនឃើញមានគុណវិសេសអ្វី ដែលអាចជួយបន្ធូរបន្ថយជំងឺឱ្យបានស្រាកស្រាន្តសោះឡើយ រោគចំពួកនេះឪពុកស្គាល់ច្បាស់ថាជារោគប្រចាំកាយ រក្សាក៏ស្លាប់ មិនរក្សាក៏ស្លាប់ ឫទ្ធិអំណាចរបស់ថ្នាំក្នុងខណៈនេះ
មិនវិសេសជាងទឹកទន្លេទេ កូន !
ចៅចិត្រមិនទាន់បាននិយាយតបទៅឪពុកវិញ ស្រាប់តែលេចបុរសកណ្ដាលអាយុម្នាក់ដើរចូលមកក្នុងបន្ទប់ ហើយដាក់គូទអង្គុយក្បែរខាងអ្នកជំងឺ
ហើយសួរថា៖
- ម៉េចទៅតាថ្ងៃនេះ
អាការៈរោគបានធូរស្បើយខ្លះទេ ?
- ឱ ! ពុទ្ធោ ពុទ្ធោ !
តាចឺមលាន់មាត់ឡើង
កាលបានឮលោកគ្រូពេទ្យសួរខ្លួនដូច្នោះ ហើយគាត់និយាយតទៅទៀតថា៖
- ឱ ! លោកគ្រូអើយ វេលានេះ ភ្នែកខ្ញុំបាទស្រែស្រវាំងងងឹតអស់ហើយ
សូមអត់ទោសចុះខ្ញុំបាទមិនដឹងជាលោកគ្រូអង្គុយនៅត្រង់ណាទេ។
ឯចៅចិត្រកាលបើបានឮសម្ដីឪពុកនិយាយត្អូញត្អែរដូច្នោះ ទឹកភ្នែកក៏ហៀរហូរសស្រាក់
ដោយចិត្តអាណិតឪពុកពន់ពេក ហើយក៏សម្លឹងមើលគ្រូពេទ្យ និយាយអង្វរករសុំឱ្យជួយស្រោចស្រង់សង្រ្គោះបិតាឱ្យមានជីវិត តែគ្រូពេទ្យដែលស្ទាត់ជំនាញក្នុងវិធីមើលជំងឺ
ក៏គ្រវីក្បាលដោយអស់សង្ឃឹម ខ្សឹបប្រាប់ជិតត្រចៀកចៅចិត្រថា៖
- ឆ្លងមិនផុតអំពីយប់នេះទេ ។
តាចឺមនិយាយមួយៗ
ទាំងហត់ដង្ហក់បបូរមាត់សស្លាំង ញ័រចំប្រប់ខំនិយាយទៀតថា៖
- ខ្ញុំបាទគង់មិនមានជីវិតរស់នៅ ទាល់តែបានឃើញពន្លឺព្រះអាទិត្យក្នុងព្រឹកស្អែកនេះទៀតទេ។
ខ្ញុំបាទយល់ថា មិនមែនជាការចម្លែកខុសធម្មតាទេ
ព្រោះមរណធម៌ជាសភាវៈទៀងទាត់ ដែលមនុស្សសត្វទូទៅត្រូវតែទទួលយកនឹងចៀសវាងឱ្យផុតពុំបានឡើយ ឯវិញ្ញាណនឹងកាយខ្លួនខ្ញុំបាទ
ឥតមានស្រណោះអាឡោះអាល័យប៉ុន្មានទេ ស្លាប់ហើយត្រូវទៅកើតជាអ្វីក៏តាមយថាកម្មចុះ។
ហើយបែរទៅនិយាយផ្ដែផ្ដាំថា៖
- ចិត្រ កូនសម្លាញ់មាសឪពុក ! កាលបើឪពុកអស់បុណ្យទៅហើយជីវិតអ្នកមុខជាសាត់អណ្ដែតឥតបង្គោល
ជាបង្អែកដូចជាសំណាត់ដែលអណ្ដែតក្នុងទន្លេដូច្នោះ។
ឯចៅចិត្រអួលដើមកនិយាយអ្វីមិនរួចសោះ មានតែទឹកភ្នែកហូរសស្រាក់ឱនមុខជ្រប់ក្រាបចុះជិតជើងឪពុក
។ ចំណែកខាងគ្រូពេទ្យ ក៏ងាកមុខបែរទៅខាងបង្អួច ស្ទើរតែទ្រាំទប់ទឹកភ្នែកពុំបានដែរ ។
តាចឺមនិយាយផ្ដាំទាំងហត់ថា៖
តាចឺមនិយាយផ្ដាំទាំងហត់ថា៖
- នែចិត្រ កូនសម្លាញ់ឪពុក ! កាលបើឪពុកស្លាប់ទៅហើយ ចូរបាចាំបណ្ដាំឪពុកទុកចុះថា
ធម្មជាតិគ្រប់យ៉ាងក្នុងលោកនេះ ដែលមនុស្សលោកសម្គាល់ថា ជាការរុងរឿងថ្លៃថ្លានោះ គឺការតាំងខ្លួនឱ្យបានស្ដុកស្ដម្ភដោយទ្រព្យសម្បត្តិ
ឯការដែលរស់នៅតោកយ៉ាកនោះ អ្នកផងទាំងពួងគេមិនយកភ្នែកមើលទេ
ការរស់បែបនេះមិនមែននាំឱ្យបានសុខសប្បាយទេ ប៉ុន្តែពេលនេះកូនអើយ ! ឪពុកនឹងប្រាប់អ្នកឱ្យធ្វើដូចម្ដេច ទើបបានសេចក្ដីចម្រើននោះពុំបានទេ
សុំឱ្យគ្រាន់តែរឭកដល់ពុទ្ធភាសិតមួយបទថា អត្តា ហិ អត្តនោ នាថោ ខ្លួនត្រូវទីពឹងរបស់ខ្លួន
ប៉ុណ្ណេះឱ្យរឿយៗចុះ។
ឯគ្រូពេទ្យនិយាយជ្រែកក្នុងខណៈនោះថា៖
- តាកុំអាលអស់សង្ឃឹមរហ័សពេក
រោគរបស់តាដែលធ្ងន់ដូច្នេះក៏មិនទាន់ជាអ្វីទេ នៅមានសង្ឃឹមនឹងសះជាឡើងវិញបាន។
តាចឺមផ្គើនឱ្យគ្រូពេទ្យថា៖
- សះជាឬ ? លោកគ្រូ គ្មានផ្លូវសះជាឡើងវិញជាប្រាកដ
មានតែផ្លូវស្លាប់មួយមុខក្នុងព្រឹកស្អែក ឬយប់នេះ ឬ ឥឡូវនេះ
ក្នុងពេលណាមួយជាមិនខាន។
តាចឺមឈប់និយាយមួយស្របក់
ហើយចាប់និយាយតទៅទៀតថា៖
- នែ ! ចិត្រកូនសម្លាញ់ឪពុក ឪពុកទីទ័លក្រណាស់ គ្មានកេរ្តិ៍មត៌កបន្តិចបន្តួចបម្រុងទុកឱ្យកូនឡើយ ដល់ឪពុកស្លាប់ទៅមានតែសពនឹងពាក្យបណ្ដាំប៉ុណ្ណេះទុកឱ្យកូន ឯវិញ្ញាណក្ខន្ធរបស់ឪពុក ដែលនឹងបានទទួលសេចក្ដីសុខក្សេមក្សាន្តក្នុងលោកខាងមុខនោះ លុះតែកូនប្រតិបត្តិតាមបណ្ដាំរបស់ឪពុកទាំងប៉ុន្មានម៉ាត់នេះ ដែលជាបណ្ដាំចុងក្រោយបំផុតរបស់បិតា មួយទៀត វិជ្ជាដែលឪពុកទុកដាក់ឱ្យកូនខំរៀនសូត្រ ដរាបទាល់តែប្រឡងជាប់សញ្ញាបត្រនោះទុកជាមត៌កមានតម្លៃមួយ
ឱ ! តាំងពីថ្ងៃនេះទៅហើយ
ឪពុកអស់បានជួយទំនុកបម្រុងកូនតទៅទៀតហើយ។
ចៅចិត្រ
កាលបើបានស្ដាប់ពាក្យបណ្ដាំរបស់ឪពុកចប់សព្វគ្រប់ហើយ ក៏ស្រក់ទឹកភ្នែកច្រោកៗ
ដោយមានចិត្តអាល័យនឹងអាណិតឪពុកជាទីបំផុត ឱនក្បាលទៀបជើងឪពុក
ហើយខំនិយាយទាំងខ្សឹកខ្សួលជម្រាបឪពុកថា៖
- លោកឪពុក ! បណ្ដាំគ្រប់ៗម៉ាត់ខ្ញុំបាទនឹងកត់ត្រាចាំទុកក្នុងចិត្ត ខិតខំប្រតិបត្តិតាមបណ្ដាំគ្រប់ប្រការ
សូមលោកឪពុកកុំបីព្រួយបារម្ភឡើយ ខ្ញុំបាទមានជីវិតរស់នៅដរាបណា នឹងខំតាំងខ្លួនប្រាណតម្កល់តម្កើងវង្សត្រកូលឱ្យបានចម្រើនដរាបនោះ
។
តអំពីពេលនោះ
តាចឺមមានអាការដង្ហក់កាន់តែញឹកញាប់ខ្លាំងឡើង មានអាការក្រវល់ក្រវាយទំនងស្លឈាម
ហើយទន់ពាប់ទៅរាល់ៗគ្រាមរណសង្រ្គាម កំពុងទន្រ្ទានចូលមកជិតអ្នកជំងឺគ្រប់ៗដង្ហើម ទើបគាត់ខំប្រឹងនិយាយទៅរកគ្រូពេទ្យ ដែលមានមេត្តាចិត្តចំពោះខ្លួនដោយសូរសំឡេងខ្សាវៗជាទំនងសេចក្ដី
ថា៖
- ទានប្រោសលោកគ្រូ ! ខ្ញុំបាទនឹងដាច់ខ្យល់ស្លាប់ក្នុងពីរ
បីនាទីនេះហើយ សូមអរព្រះគុណនឹងសូមជូនបុណ្យលោកគ្រូដែលមានព្រះគុណលើខ្លួន
ខ្ញុំបាទជាអនេក ដោយបានខំថែទាំរក្សាទាំងបង់ខាតថ្លៃថ្នាំជាច្រើនផង
ហើយមិនមានគិតថ្លៃរក្សា និងថ្លៃថ្នាំបន្តិចឡើយ ខ្ញុំបាទឥតមានអ្វីតបស្នងសងគុណលោកគ្រូទេ ឱ ! ព្រះគុណអើយ ត្រចៀកខ្ញុំបាទលែងឮហើយ ឱ ! ចិត្រកូន ! ពុទ្ធោ អរហំ ! ។
ចៅចិត្រឱបឪពុកជាប់ ហាក់ដូចជាមិនព្រមឱ្យវិញ្ញាណក្ខន្ធរបស់តាចឺមរត់ចេញពីរាងកាយទៅ
បាន តែបើទុកជាចៅចិត្រខំប្រឹងទប់ទល់យ៉ាងណា
ក៏គង់តែមិនសម្រេចដូចបំណង ព្រោះ ជាតិ ជរា ព្យាធិ មរណៈ (កើត ចាស់ ឈឺ ស្លាប់ ) ជាមត៌ករបស់សត្វលោក ឥតមានសត្វណាមួយគេចវេះចៀសវាងឱ្យរួចផុតទៅបានឡើយ អម្បាលដូចយ៉ាងព្រះអរហំសម្មាសម្ពុទ្ធម៉េចក៏គង់តែស្ដេចចូល
បរិនិព្វានមិនខាន ។
នៅទីបំផុតនេះ
តាចឺមក៏ធ្លាក់ខ្លួនទៅជាចំណីអាហារមច្ចុរាជ គឺដាច់ខ្យល់ផុតដង្ហើមក្នុងកណ្ដាប់ដៃរបស់ចៅចិត្រជាកូន
តាចឺមក៏ទទួលមរណភាព ក្នុងខណៈដែលដួងចន្រ្ទអស្ដង្គបាត់ពន្លឺរស្មី
ព្រមជាមួយគ្នាក្នុងគ្រានោះឯង ។
ជីវិតក្មេងកំព្រា
កាលបានចាត់ចែងធ្វើបុណ្យបូជាសពរួចស្រេចហើយ
ទើបចៅចិត្រដឹងខ្លួនច្បាស់លាស់ថា៖
- ឱ ! ខ្លួនអញអើយ កណ្ដែងកណ្ដោចខ្លោចផ្សាតែម្នាក់ឯង ហើយនឹងងាករេទៅពឹងបងប្អូនញាតិសាច់សាលោហិតជិតខាងឯណាក៏គ្មាន ណ្ហើយចុះត្រូវតែតស៊ូនឹងសេចក្ដីទុក្ខលំបាកគ្រប់យ៉ាងចុះ ធ្វើម្ដេចកើតមកជាប្រុសកំព្រាម្ដាយអាពុក
សមដូចជាប្រសាសន៍លោកឪពុកផ្ដាំទុកថា «ចិត្រកូន! កាលបើអស់បុណ្យអំពីឪពុកហើយ ជីវិតរបស់អ្នកដូចសំណាត់ឈើដែលអណ្ដែតក្នុងកណ្ដាលទន្លេដូច្នោះ» ។
ចៅចិត្រក៏គិតឃើញថា
ពិភពលោកទាំងមូលនេះ ធំទូលាយស្រួលសប្បាយមែនសម្រាប់អ្នកដទៃៗតែបែរទៅជាទីតូចចង្អៀត
លំបាកពន់ពេក ចំពោះខ្លួនអាត្មាអញដែលកំព្រាម្ដាយឪពុក
នឹងបងប្អូនញាតិសាលោហិត នឹងងាកមុខទៅជ្រកកោនពឹងពាក់អ្នកឯណា ក៏គេឥតត្រូវការសោះ ព្រោះមនុស្សទីទាល់ក្រលំបាកដូចជាអាត្មាអញនេះ
គេមិនត្រូវការសេពគប់រាប់រកឡើយ ទុកជាសុំការគេធ្វើ
ក៏ឥតមាននរណាជួយសង្រ្គោះរកការងារឱ្យធ្វើបានឡើយ ឱ ! ខ្លួនអាត្មាអញអើយ
កើតមកក្នុងលោកនេះលំបាកអ្វីក៏សែនលំបាកប្លែកជាងគេម្ល៉េះ តែថាកើតមកជាអង្គបុរសហើយ
មិនត្រូវខ្លាចសេចក្ដីទុក្ខព្រួយលំបាកទេ តោងតែតស៊ូនឹងសេចក្ដីទុក្ខព្រួយលំបាកអស់នេះឱ្យឃើញស
ខ្មៅ ទៅចុះ ។
ចៅចិត្រកំពុងតែឈរជញ្ជឹងរំពឹងគិត រកការធ្វើតែម្នាក់ឯងយ៉ាងស្ងាត់ៗ
នៅចំហៀងខាងមុខផ្ទះ ក៏ងើបមើលទៅលើឃើញព្រះចន្រ្ទអណ្ដែតត្រសែតនៅកណ្ដាលពពក បញ្ចាំងពន្លឺរស្មីឆ្លុះទៅសព្វទីបរិវេណ
មានខ្យល់បក់ផាត់មកយ៉ាងត្រជាក់ស្រេង ឮសូរសំឡេងព្រះសង្ឃសូត្រធម៌នៅវត្តព្រះពិភិធារាមយ៉ាងច្បាស់លាស់ អណ្ដែតលឿនលយមកតាមបណ្ដោយខ្យល់
លុះចៅចិត្របានឮសូរសព្ទព្រះសង្ឃសូត្រធម៌នោះ ក៏ជាហេតុនាំផ្ដួចឱ្យនឹករឭកដល់ឪពុក
ដែលទើបទទួលអនិច្ចកម្មទៅថ្មីៗ មិនដឹងបើនឹងងាករេបែរមុខទៅពឹងពាក់អ្នកឯណា
ហើយក៏បែរមុខមើលទៅក្នុងបន្ទប់ ឃើញមានពន្លឺចង្កៀងភ្លឺផ្លុងៗ នៅទីនោះហើយដែលឪពុកធ្លាប់មូរថ្នាំស្លឹកសង្កែពីសាជានិច្ច តែឥឡូវនេះមានតែចៅចិត្រម្នាក់ឯង
ចៅចិត្រគិតអាណិតខ្លួនណាស់ ទឹកនេត្រាក៏ហូរចេញមកសស្រាក់ដោយឥតដឹងខ្លួន ។
ខណៈនោះ
ចៅចិត្រក្រឡេកមើលទៅខាងមុខ ស្រាប់តែឃើញមនុស្សម្នាក់ស្លៀកពាក់សដើរចូលមក
ទើបចៅចិត្រក្រោកឡើងស្រែកសួរទៅថា៖
- នរណា នុ៎ះ ?
- គ្នាឯងទេ ចៅចិត្រឬអីហ្នឹង ? បុរសនោះសួរមកវិញ ។
ចៅចិត្រនឹកស្មានថាប្រហែលគ្រូពេទ្យ
ទើបស្រែកអញ្ជើញថា៖
- សូមអញ្ជើញលោកគ្រូ ។
គ្រូពេទ្យក៏ឈានជើងឡើងជណ្ដើរទៅលើផ្ទះ
ហើយដាក់គូទអង្គុយលើកៅអី តាមសេចក្ដីអញ្ជើញរបស់ម្ចាស់ផ្ទះ ។
- សុខសប្បាយជាទេឬចៅចិត្រ ?
គ្រូពេទ្យសួរដោយមេត្រីចិត្ត
។
ចៅចិត្រតបថា៖
- ទានប្រោស
ចំណែកខាងរាងកាយសុខសប្បាយជាទេ ប៉ុន្តែចំណែកចិត្តរងកម្មជាបំផុត ឥតសប្បាយមួយពេលឡើយតាំងអំពីលោកឪពុកអនិច្ចកម្មទៅ វិញ្ញាណខ្ញុំបាទនេះហាក់ដូចជាងងឹតឈឹងពុំដឹងអ្វីឡើយ
។
គ្រូពេទ្យងក់ក្បាលទំនងជឿតាមសម្ដីចៅចិត្រ
ទើបសួរថែមទៀតថា៖
- ចុះសព្វថ្ងៃនេះ
បានធ្វើការនៅកន្លែងណាហើយឬនៅឡើយទេ ?
ចៅចិត្រនិយាយសើចសោះកក្រោះថា៖
- ទាន ប្រាស ! នៅទីនេះ ខ្ញុំបាទរកការធ្វើមិនទាន់បានទេ ការងារគ្រប់ផ្នែកហាក់ដូចជាខ្ពស់ជាងចំណេះរបស់ខ្ញុំបាទ ដែលបានខំរៀនសូត្រមកដូចជាច្រើនណាស់ តែហាក់ដូចគ្រាន់ប្រើការបានត្រឹមតែមើលសំបុត្រស្នាមបន្តិច
បន្តួច មើលឈ្មោះហាងផ្សេងៗនឹងមើលប្រូក្រាមតាមរោងកុន
ល្ខោន ប៉ុណ្ណោះ ។
គ្រូពេទ្យនិយាយដោយសេចក្ដីអាណិតយ៉ាងស្មោះត្រង់ថា៖
- ខ្ញុំក៏នឹកអាសូរអ្នកច្រើនណាស់ដែរ ! ចិត្រ!
ហើយនិយាយទូន្មានថា៖
- ខ្លួនអ្នកជាកូនប្រុស
ត្រូវតទល់នឹងវិស័យលោកិយទៅមុខទៀតច្រើនណាស់ បង្អង់ឱ្យខ្ញុំគិតពីរ បី នាទីមើល ក្រែងខ្ញុំគិតរកឧបាយជួយសង្រ្គោះខ្លួនអ្នកឯងបានខ្លះ។
ចៅចិត្រនៅតែស្ងៀម
។ គ្រូពេទ្យជញ្ជឹងគិតមួយស្របក់ ក៏ញញឹមលាន់មាត់ចេញសម្ដីថា៖
- នឹកឃើញហើយៗ ! ខ្ញុំមានឪពុកមាម្នាក់ ជាអ្នកស្ដុកស្ដម្ភគ្រាន់បើ មើលទៅបើលោកជួយធុរៈ
មុខជាអ្នកឯងបានការធ្វើមិនខាន តែតោងនឿយហត់បន្តិចមុនដំបូង ។
ចៅចិត្រញញឹមញញែមហើយជម្រាបទៅគ្រូពេទ្យថា៖
- ខ្ញុំបានទទួលអត់ធន់សេចក្ដីលំបាកគ្រប់យ៉ាងទាំងអស់ សុំឱ្យមានតែការធ្វើនឹងគេចុះ
គ្រាន់នឹងបានចិញ្ចឹមជីវិត កុំឱ្យមានពាក្យគេដំណៀលប៉ុណ្ណោះ ទុកជាជីកដី លីសែង
រែកពុនយ៉ាងណាក៏ដោយ ខ្ញុំបាទក៏ស្មគ្រធ្វើទាំងអស់។
គ្រូពេទ្យមានទឹកមុខរីករាយ
ដោយសេចក្ដីពេញចិត្តហើយថា៖
- ខ្ញុំគិតជានិច្ចថា
អ្នកឯងជាកូនប្រុសអាចទទួលធ្វើការគ្រប់ចំពូកបាន អធ្យាស្រ័យអ្នកឯងគួរសរសើរណាស់
ប៉ុន្តែចៅចិត្រ !
ការដែលអ្នកឯងត្រូវធ្វើនោះ មិនមែននៅក្នុងទីនេះទេ គឺនៅឯស្រុកបប៉ៃលិន
ឯណោះ។
- បប៉ៃលិន ឬទានប្រោស !
ចៅចិត្រឆ្លើយផ្ទួនពាក្យ
បាត់ទឹកមុខញញឹមរីករាយមួយរំពេច ហើយនិយាយត្អូញត្អែរថា៖
- ទានប្រោស គេថាស្រុកនោះចាញ់ណាស់
មានតែពួកភូមាកូឡា ទើបនៅទ្រាំរកស៊ីក្នុងទីនោះបាន ខ្ញុំបាទនឹកក្រែងតែទ្រាំទ្រទឹកដីអាកាសនៅទីនោះមិនបានទេ
ដឹង?
គ្រូពេទ្យទូន្មានថា៖
- អ្នកឯងនិយាយដូច្នេះក៏ត្រូវដែរ
ប៉ុន្តែអ្នកដែលទៅហើយឈឺចាញ់នៅទីនោះ ច្រើនធ្វេសប្រហែសមិនចេះរក្សាខ្លួនឱ្យផុតពីជំងឺគ្រុនចាញ់ ចុះចំណែកអ្នកឯងក៏បានរៀនសូត្រចេះក្បួនពេទ្យមកខ្លះ
ក៏ល្មមនឹងការពារខ្លួនបាន មួយវិញទៀតជំងឺគ្រុនចាញ់នេះ មិនចំពោះតែជាតិយើងទេ
ទុកជាជាតិណាក៏ដោយ ធ្វើទាស់ទំនងហើយ
មុខជាឈឺចាប់ដូចគ្នាទាំងអស់។
គ្រូពេទ្យនិយាយទូន្មានចៅចិត្រឱ្យមានះក្លាហានឡើង
ហើយពោលតទៅទៀតថា៖
- ឯឪពុកមាខ្ញុំនោះ
ពីដើមធ្វើជាមន្រ្តីមួយ ហៅតាមបណ្ដាសក្តិថា ហ្លួងរតនសម្បត្តិ វេលានេះអាយុលោកហាសិបប្លាយឆ្នាំហើយ
លោកមានអធ្យាស្រ័យល្អ ពួកកូឡាភូមានៅទីនោះ រាប់អានលោកណាស់ កាលពីពីរ បី អាទិត្យមុននេះ លោកមានសំបុត្រមួយច្បាប់មកដល់ខ្ញុំ
សុំឱ្យរើសរកមនុស្សម្នាក់ទៅធ្វើការលោក ចំពោះរូបអ្នកឯងមួយនេះខ្ញុំទុកចិត្តណាស់
ដ្បិតការជីកត្បូងនិល គេត្រូវការតែមនុស្សសុចរិតស្មោះត្រង់។
ចៅចិត្រនិយាយថា៖
- ការនេះជាការថ្មោងថ្មី
ក្នុងជីវិតរបស់ខ្ញុំបាទ។
គ្រូពេទ្យថា៖
- គ្រាន់បើជាងនៅទំនេរ
មិនទាន់មានការអ្វីធ្វើមែនទេ ? បើព្រមទទួលខ្ញុំនឹងចាត់បញ្ជូនអ្នកឯងនៅវេលាឆាប់ៗនេះ ដោយខ្ញុំមានសេចក្ដីសង្ឃឹមទុកចិត្តថា អ្នកឯងនឹងធ្វើការម៉ឺងម៉ាត់ជាទីពេញចិត្តគេមិនខាន។